របាំខ្មែរ
នៅក្នុងឯកសារ “ របាំខ្មែរ” របស់អ្នកនិពន្ធ ពេជ្រ ទុំក្រវ៉ិល ដែលត្រូវបានបោះពុម្ពឡើងនៅក្នុងឆ្នាំ២០០១ បានកត់ត្រាថា របាំខ្មែរមានចំនួនបីប្រភេទគឺរបាំក្បាច់បុរាណខ្មែរ របាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។

របាំប្រពៃណីខ្មែរ គឺសម្គាល់របាំទាំងឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូល ដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះរបាំប្រជាប្រិយខ្មែរវិញ គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងប្រទេស ដែលមានដូចជា រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ ជាដើម។
របាំបុរាណខ្មែរ ឬ របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនៃ អង្គការយូនីស្កូ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៣៕